កីឡាករវ័យក្មេង Sittichok Phaso បានចុះកិច្ចសន្យាខ្ចីជើងរហូតដល់ចប់រដូវកាល ជាមួយក្លិបKagoshima United សមាជិកលីគលំដាប់ទី៣ នៅប្រទេសជប៉ុន បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយក្លិបChonburi FC របស់ប្រទេសថៃ។
ក្រោយចុះកិច្ចសន្យាកីឡាករវ័យ១៨ឆ្នាំរូបនេះបានលើកឡើងថា៖ «ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយខ្ញុំចង់ពង្រឹងសមត្ថភាពរបស់ខ្ញុំនៅក្នុងជំនាញមួយនេះក្នុងក្រុមថ្មី»។ Phaso ជាកីឡាករវ័យក្មេងដែលវិបសាយអន្តរជាតិ Guardian ចុះក្នុងបញ្ជីកីឡាករវ័យក្មេង៦០នាក់មកពីជុំវិញពិភពលោក ដែលអាចទៅប្រកបអាជីពនៅតំបន់អឺរ៉ុប បាន។
កីឡាករ Sittichok Phaso ជាជនជាតិថៃ ទី២ហើយនៅរដូវកាលនេះ ដែលវេចសម្ពាយធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីប្រកបអាជីពបាល់ទាត់ បន្ទាប់ពីកីឡាករ Chanathip Songkrasin ដែលមហាជនស្គាល់ថា Messi J ដែលខ្ចីជើងពីក្លិប Muangthong Unitedទៅកាន់ក្លិប Consadole Sapporo សមាជិកលីគកំពូលរបស់ប្រទេសជប៉ុនក្នុងរយៈពេល១រដូវកាលដូចគ្នា៕
Comments
Post a Comment